ប្រវត្តិ ពេជ្រ សោភា

ពេជ្រ សោភា អ្នក​ស្តាប់​បទ​ចម្រៀង​សម័យ​​ភាគ​ច្រើន គឺ​សុទ្ធតែ​ស្គាល់​ឈ្មោះនេះ ថា​ជា​​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស។ ជា​ទូ​ទៅ ​គេ​ស្គាល់​ត្រឹមតែ​​ទឹក​ដម​​សំនៀង និង ​រូប​សម្ផស្ស​របស់​នាង ប៉ុន្តែ​​គេ​ពុំប្រាកដ​ថា បាន​​ដឹង​ពី​ការ​តស៊ូ​របស់​នាងយ៉ាង​ណាទេ​។ តើ​អ្នក​នាងពេជ្រ សោភា មាន​ការ​ពុះពារ​ក្នុង​ជីវិត​យ៉ាងណា​ មុននឹង​​ក្លាយ​ខ្លួន​ជាតារា​ដ៏ល្បីដូច​សព្វ​ថ្ងៃ?

ឈ្មោះថ្ងៃ​ខែ​ឆ្នាំ​កំណើតទីកន្លែង​កំណើតចំនួន​បង​ប្អូនកម្ពស់/ទម្ងន់Face book
ស៊ួ សោភា
ហៅ​ពេជ្រ សោភា
ទី៥ ខែ មិថុនាឆ្នាំ ១៩៨៤សង្កាត់ បឹងសាឡាងខណ្ឌ ទួលគោករាជធានី​ភ្នំពេញ៥នាក់ ប្រុស១ស្រី៤កម្ពស់១៦៥.សម
៥០.គម
SP Pich Sophea


ស្ថាន​ភាព​គ្រួសារ
កញ្ញា ពេជ្រ សោភា មាន​ឈ្មោះ​ដើម​ថា ស៊ួ សោភា ដែល​បាន​ដាក់ឲ្យ​ដោយ​ឪពុក​ម្តាយ​របស់​នាងដែល​មាន​ត្រកូល​ដូច​គ្នា គឺ​ឪពុកឈ្មោះ ស៊ួ សាវ៉ាន អាយុ​៧៧ឆ្នាំ និង ម្ដាយ​ឈ្មោះ ស៊ួ សុភាព អាយុ៦៧ឆ្នាំ ។ ប៉ុន្តែ​ក្រោយ​មក នាង​ត្រូវ​បាន​ប្ដូរ​មក​ឈ្មោះ ពេជ្រ សោភា។ កញ្ញា ពេជ្រ សោភា​បានកើត​នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨៤ នៅសង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ សោភា​គឺ​ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​៥​នាក់ ប្រុស១ ស្រី ៤។ ម្ដាយ​ឪពុក​របស់​នាង​គឺអតីត​​ជា​អ្នក​បេះ​បន្លែ​ បូតស្លឹក​អំពិល​លក់  និង ពេលខ្លះគាត់​​ក៏​ធ្លាប់ រុញ​ធុង​អំពៅ​សាង​ ​ឬ ​លក់​ខ្យងខ្ចៅ នំកង​នំក្រូចលក់តាម​ផ្លូវ​ផងដែរ។ ប៉ុន្តែ​បច្ចុប្បន្ន​​នេះ​ ​ឪពុកម្ដាយរបស់​​កញ្ញា ពេជ្រ សោភា កំពុង​តែ​រស់​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​របស់​កូន​ស្រី​គាត់​​ គឺ ពេជ្រ សោភានេះឯង  ដែល​ធ្លាប់​ជា​ក្មេង​រុញ​​ធុង​អំពៅសាង​លក់​ដ៏​កម្សត់​ម្នាក់កាលពី​មុន។ បច្ចុប្បន្ន​កញ្ញា ពេជ្រ សោភា មាន​ផ្ទះ​រហូត​ដល់​ទៅ​៣​កន្លែង ទី១នៅ​ជិត​គុក​ព្រៃ​ស ទី២នៅ​ទល់​មុខ​បឹង​ស្នោជិត​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​ទី៣​នៅ​ក្នុង​សង្កាត់​បឹង​កេងកង១។
ប្រវត្តិ​តស៊ូ 
ថ្វីត្បិតកើត​នៅ​ក្នុង​សង្កាត់​បឹង​សាឡាងក៏ពិត ប៉ុន្តែកញ្ញា​ពេជ្រ សោភា​បាន​ទៅ​រស់​នៅជាមួយ​ឪពុក​ម្ដាយរបស់​នាងនៅ​ឯស្រុក​កំណើត​ខាង​ម្ដាយ ក្នុង​ខេត្ត​ព្រៃវែង ។ នៅ​ពេល​នាង​អាយុ៦ឆ្នាំ ក្រុម​គ្រួសារ​របស់​នាង​បាន​វិល​មក​រស់​នៅ​ក្នុងរាជធានី​ភ្នំពេញ​​វិញ។ កាល​ណោះ​ផ្ទះ​របស់​នាង គឺ​ស្ថិត​ក្នុង ភូមិសំបុកចាប សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ។ ឪពុក​ម្ដាយ​របស់​នាង មាន​មុខ​របរ​​ជា​អ្នក​ដើរ​បេះ​​បន្លែ និង​ផ្លែ​អំពិល តាម​ផ្លូវ​សាធារណៈ​ដើម្បី​យក​ទៅ​លក់​នៅ​តាម​ផ្សារ។ ជា​មួយ​គ្នា​នោះ ក្រៅ​តែ​ពី​ដើរ​បេះត្រួយ​បះ បន្លែ​ និង ​ផ្លែ​អំពិល​លក់ ម្ដាយ​ឪពុក​របស់​នាង​បាន​​ប្រកប​របរដ៏ទៃទៀត គឺលក់​ខ្យងខ្ចៅ​តាម​រទេះ​រុញ លក់​អំពៅសាង លក់ទួល​ម្ជូរ និង​ទូលនំគម​លក់ ជា​ដើម ។ ដោយ​នាង​គឺ​ជា​កូន​ពៅ​នៅ​ក្នុង​គ្រួសារ ពេល​ទៅ​ណា​មក​ណា​ ម្ដាយ​របស់​នាង​​យក​នាង​ទៅ​តាម​ជា​និច្ច។ នៅ​ពេល​ម្ដាយ​របស់​នាង​​រុញ​ធុង​​អំពៅសាង​លក់ ម្ដាយ​​របស់​នាង​បាន​ដាក់​ឲ្យ​នាង​ដេក​នៅ​ក្នុង​ប្រអប់​ដាក់​អំពៅ​ខាង​ក្រោម។ សេដ្ឋកិច្ច​គ្រួសារ​របស់​នាង​នៅ​ពេល​នោះ គឺ​ពិបាក​​ខ្លាំង​ណាស់ មាន​ពេល​ខ្លះ​នាង​មិន​មាន​បាយ​ហូប​គ្រប់​គ្រាន់​នោះ​ទេ។ ចំណែក​ផ្ទះ​របស់​នាង​​វិញ ពេល​ភ្លៀង​មក​ម្ដងៗ​មិន​មាន​កន្លែង​ដេក​នោះ​ឡើយ ព្រោះ​ដំបូល និង​ជញ្ជាំង​មាន​ការ​ធ្លុះធ្លាយ​ច្រើន​កន្លែង។ ទាំង​ម្ដាយ និង​ឪពុក​របស់​នាង គឺ​សុទ្ធតែ​ធ្លាប់​ធ្លាក់​ពី​លើ​ចុង​ដើម​អំពិលដូច​គ្នា។ ឪពុក​របស់​នាង​បាន​ពិការ​ដៃ​ម្ខាង​​រហូត​មក​ដល់​បច្ចុប្បន្ន។ នៅ​ឆ្នាំ២០០២ ក្រុម​គ្រួសារ​នាង និង​ប្រជាជន​ផ្សេង​ទៀត​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ភូមិ​សម្បុក​ចាប សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ដោយ​ត្រូវ​​បាន​អាជ្ញាធរ​ចែក​ដី​ឲ្យ​មួយ​កន្លែង ជិត​គុក​ព្រៃ​ស។

ការសិក្សា
កញ្ញា ពេជ្រ សោភាបានចូល​សិក្សានៅ​សាលា​បឋម​សិក្សា​សិក្សា”សុធារស” ស្ថិត​ក្នុង​សង្កាត់ ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ បន្ទាប់​ពី​បញ្ចប់​ថ្នាក់​បឋមសិក្សា នាង​បាន​បន្ត​ទៅ​រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ។ ពេល​ទំនេរ​ពី​ការ​សិក្សា នាង​តែង​តែ​ទៅ​ទៅ​ជួយ​លក់​អំពៅ​សាង ឬ ​ទូល​នំ​លក់ ជា​មួយ​ម្ដាយ និង​បងស្រី​​ជា​ដើម ។ នៅ​អាយុ១០ឆ្នាំ នាង​ចាប់​ផ្ដើម​រុញ​ធុង​អំពៅ​សាង​លក់​ដោយ​ខ្លួន​ឯង ទី​កន្លែង​ដែល​នាង​លក់ មាន​ដូច​ជា​នៅ​តាម​​បណ្ដោយ​មាត់​ទន្លេ និង​មុខ​ព្រះបរមរាជវាំង​ជា​ដើម។នៅ​រដូវ​ភ្លៀង ក្រុម​គ្រួសារ​របស់​នាង​ឈប់​លក់​អំពៅ​សាង ដោយ​ប្ដូរ​មក​លក់​ខ្យងខ្ចៅ​វិញ ហើយ​​មាន​ពេល​​ខ្លះ ម្ដាយ​នាង​បាន​ធ្វើ​នំ​ឲ្យ​នាង​ទូល​លក់។ ពេល​​នាង​ត្រូវ​វេន​រៀន​ព្រឹក នាង​ត្រូវ​ទៅ​លក់​នៅ​ពេល រសៀល នៅ​ពេល​ត្រូវ​រៀន​វេន​រសៀល នាង​ត្រូវ​ទៅ​លក់​ពេល​ព្រឹក​វិញ​ម្ដង។ ដោយ​សារ​តែ បញ្ហា​ជីវភាព​គ្រួសារ​ក្រីក្រ​ពេក នាង​​រៀន​បាន​ត្រឹម​បញ្ចប់​ថ្នាក់​ទី១២ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​មក បន្ទាប់​ពី​នាង​មាន​លទ្ធភាព​គ្រប់គ្រាន់ នៅ​ឆ្នាំ២០០៨ និង​២០០៩​ នាង​បាន​ទៅ​រៀន​ផ្នែក​​ design ម៉ូដ​សម្លៀក​បំពាក់​នៅ​​​ប្រទេសជប៉ុន ដែល​ការ​រៀន​នោះ​មាន​៣​វគ្គ ហើយ​មួយ​វគ្គ​មាន​​រយៈ​ពេល​៣​ខែ។ ​ពេល​រៀន​ចប់​មួយ​វគ្គ​ៗ នាង​តែង​ត្រលប់​មក​កម្ពុជា​វិញ​ដើម្បី​ចេញ​អាល់ប៊ុម​ថ្មី​កំដរ​អារម្មណ៍​ប្រិយមិត្ត​​។
ដើម​ចម​នៃ​​ការ​ចូល​សិល្បៈ
កញ្ញា ពេជ្រ សោភា​និយាយ​ថា នាង​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​សិល្បៈ​តាំង​តែ​ពី​តូច​មក​ម្ល៉េះ កាល​នាង​នៅ​រុញ​​ធុង​អំពៅសាង​លក់​នាង ​តែងតែ​ច្រៀង​​លេង ដោយ​មិន​មាន​​ការ​ខ្មាសអៀន​នោះ​ទេ។ ពេល​នាង​រុញ​អុង​អំពៅសាង​លក់កាត់​ភ្លៀង ​នាង​តែង​ច្រៀង​លេងដើម្បី​​កុំ​ឲ្យ​រងា។ មាន​តែ​ចម្រៀង​ប៉ុណ្ណោះ ដែល​អាច​ជួយ​រំលែក​ទុក្ខ​នៅ​ពេល​ដែល​មាន​លំបាក​ចិត្ត។ នៅ​ចុង​​ឆ្នាំ២០០១ នាង​បាន​ទៅ​ដាក់ពាក្យ​ប្រលង​ចម្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ជិត​មជ្ឈមណ្ឌល​​ផាក់វ៉េ ហើយ​បាន​ពានរង្វាន់​ជា​ប្រាក់​មួយ​ចំនួន។ កាល​ណោះ​នាង​បាន​ឲ្យ​ប្រាក់​នោះ​ទៅ​ឲ្យ​ម្ដាយ​​របស់​នាង ដើម្បី​ទិញ​ម៉ាស៊ីន​កិន​ទឹក​អំពៅ​ដើម្បី​លក់។ ចាប់ពីពេលនោះមក​នាង​ក៏​បាន​ទៅ​ច្រៀង​នៅ​ក្នុង​ភោជនីយដ្ឋាន​រាត្រី​មួយ ជិត​ទីស្ដីការ​ក្រសួងទេសចរណ៍​ចាស់ ដោយ​បានទទួល​ថ្លៃ​ឈ្នួល​ក្នុង​​មួយ​យប់​២ដុល្លារកន្លះ ហើយ​ក្រោយ​មក​ក៏​ត្រូវ​បាន​ថៅកែ​តម្លើង​ឲ្យ​៣ដុល្លារ ។ នាង​ច្រៀង​នៅ​ទី​នោះ​បាន​ជិត​មួយ​ឆ្នាំ ក៏​ត្រូវ​បាន​មជ្ឈមណ្ឌល​ស្ប៉ាក​ចាប់​អារម្មណ៍ ហើយ​បាន​ហៅ​នាង​ទៅ​ច្រៀង​នៅ​​ទីនោះ ដោយ​បាន​តម្លៃ​ខ្លួន​ក្នុង​មួយ​យប់​ ៥ដុល្លារ។ ការ​ច្រៀង​នៅមជ្ឈមណ្ឌល​ស្ប៉ាករបស់​​កញ្ញា ពេជ្រ សោភា គឺ​បាន​មិន​ដល់​​មួយ​ឆ្នាំផង គឺត្រូវ​បាន​ទូរទស្សន៍​ជាតិ​កម្ពុជា​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង “កម្មវិធី​ជួបជុំ​មិត្ត​សិល្បករ​សិល្បការិនី” ហើយ​ក្រោយ​មក​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​ចាប់​អារម្មណ៍។ នៅ​ឆ្នាំ២០០៣ ផលិតកម្ម​រស្មី​ហង្ស​មាស បាន​ហៅ​នាង​ទៅ​សាកល្បង​សំឡេង ហើយ​បន្ទាប់​នាង​ក៏​បាន​ចូល​ហាត់​ច្រៀង​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​​មាស​តែ​ម្ដង។ នាង​ចូល​ហាត់​នៅ​ក្នុង​​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​​ប្រហែល​មួយ​ឆ្នាំ​ទើប​នៅ​ទី១៤ ខែ មេសា ឆ្នាំ២០០៤ នាង​មាន​ឱកាស​ចេញ​វ៉ុល​ដំបូង​របស់​នាង។ បើ​ទោះ​បី​ជា​នាង​បាន​ចូល​ផលិតកម្ម រស្មី​ហង្ស​​មាស​ហើយ​ក៏​ពិត​មែន ប៉ុន្តែ​ជីវភាព​ក្រុម​គ្រួសារ​របស់​នាង​នៅ​មិន​ទាន់​មាន​ស្ថានភាព​ប្រសើរ​ភ្លាមៗ​នៅ​ឡើយ​ទេ។ នាង​បាន​ប្រើ​ពេល​ប្រហែល​ជាង​កន្លះ​ឆ្នាំ​ទើប​ក្រុម​គ្រួសារ​របស់​នាងបានឈប់​លក់​ទឹក​អំពៅ។

ទស្សនិកជន​ស្គាល់ និង ​ស្នាដៃ
នាង​បាន​និយាយ​ថា ពេល​វ៉ុល​ដំបូង​របស់​នាង​ចេញ​ភ្លាម គឺ​ទស្សនិកជនចាប់​ទទួល​ស្គាល់នាងតែ​ម្ដង គឺតាមរយៈបទ “Better Day”។ បទ “Better Day” ​គឺ​ជា​បទចម្រៀង​បើក​ទំព័រ​ជីវិត​ថ្មីរបស់​​ក្រុម​គ្រួសារ​នាង ដែល​នាង​​មិន​អាច​បំភ្លេច​បាន​ទេ។ បន្ទាប់​ពីវ៉ុលដំបូងនេះ ​ផលិតកម្ម​រស្មី​ហង្ស​មាសក៏បាន​ផ្ដល់​ឱកាស​ឲ្យ​នាង​ចេញ​​បទ​ចម្រៀង​កាន់​ច្រើន​ឡើងៗ ដែល​មាន​ ដូច​ជា «ស្ដាប់​បេះ​ដូង​អូន​ផង», «នារី​ល្ងើ​ស្មោះ​ស្នេហ៍»,​ «ស្រី​ល្ងង់», «ចាំ​បង​មាន​ថ្មី​ចាំ​បែក​ពី​អូន», «លាង​ចិត្ត​ឲ្យ​ជ្រះ», ឬ បទ «Dream About You»។ រហូត​មក​ទល់​បច្ចុប្បន្ន​​នេះ នាង​បាន​ច្រៀង​រហូត​ដល់​ទៅរាប់​រយ​បទ​ឯណោះ ដែលបទចម្រៀង​ភាគ​ច្រើន​របស់នាង​គឺ ត្រូវ​បាន​ទស្សនិកជន​ទទួល​ស្គាល់។ មិន​ត្រឹម​តែ​ច្រៀង​នោះ​ទេ កញ្ញា ពេជ្រ សោភា​ក៏​ធ្លាប់​និពន្ធ​បទ​ចម្រៀង និង ម្ដែង​ខារ៉ាអូខេ​​បាន​ជា​ច្រើន​បទ​ផង​ដែរ ។
ចេញ​ទៅ​ក្រៅ​ប្រទេស
នាង​ច្រៀង​​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​ប្រហែល១​ឆ្នាំ​ប៉ុណ្ណោះ ក៏​មាន​ឱកាស​ចេញ​សម្ដែង​នៅក្រៅ​ប្រទេស​តែ​ម្ដង។ ប្រទេស​ដែល​នាង​ចេញ​ទៅ​លើក​ដំបូង​គេ​នោះ​គឺ អូស្ត្រាលី ក្នុង​ឆ្នាំ២០០៤ ។ បន្ទាប់​មក​ទៀត​គឺ កាណាដា បារាំង ជប៉ុន អាមេរិក…អាច​និយាយ​បាន​ថា នៅ​លើ​ពិភព​លោក ប្រទេស​ដែល​មាន​ប្រជាជន​ខ្មែរ​រស់​នៅ គឺ​នាង​បាន​ទៅ​ច្រៀង​​ទី​នោះ​ទាំង​អស់។

ជីវិត​ស្នេហា
នាង​បាន​និយាយ​ថា នាង​ធ្លាប់​ទទួល​រង​នូវ​ព័ត៌មាន​ចចាមអារាម​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហាជាច្រើន ដូចជាគេថានាង​មាន​ប្ដី មាន​កូន និង ​យក​ប្ដី​គេ។ ត្រង់​ចំណុច​​នេះ​ នាង​សុំបញ្ជាក់ថា នាង​មិន​ធ្លាប់​មាន​រឿង​រ៉ាវ​ដូច​សារព័ត៌មួយ​ចំនួនបាន​ចុះផ្សាយ​នោះ​ទេ ។
កន្លង​មក​​នាង​ធ្លាប់​មាន​​គួដណ្ដឹង​ម្ដង ប៉ុន្តែ​ក្រោយ​មក​បាន​បែក​គ្នា​ទៅ​វិញ ដោយ​សារ​តែ​នាង​គិត​ថា ​មិន​អាច​រស់​នៅ​ជា​មួយ​គ្នា​ទៅ​ថ្ងៃ​អនាគត​បាន។ បច្ចុប្បន្ន​នេះ នាង​នៅ​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​នៅ​ឡើយ​ទេ បើ​ទោះ​ជា​នាង​មាន​អាយុ២៨ឆ្នាំ​ហើយ​​ក្ដី។ ការ​មិន​ទាន់​មាន​ម្ចាស់​បេះដូង​នេះ​មិន​មែន​មាន​ន័យ​ថា នាង​ខ្លាច​ស្នេហា ទុក​បេះដូង​របស់​នាង​ឲ្យ​នៅ​ទំនេរ​នោះ​ទេ កត្តា​ដែល​សំខាន់​នេះ​ គឺ​មក​ពី​នាង​មិន​ទាន់​បាន​ជួប​បុរស​ដែល​អាច​ផ្ដល់​សុភមង្គល​ដល់​នាង​បាន។ អ្វី​ដែល​ជា​លក្ខខណ្ឌ​ធំ​បំផុត​នៅ​ក្នុង​ជីវិត​ស្នេហា​របស់​នាង​នោះ គឺ​បុរស​ដែល​ជា​គួ​អនាគត​របស់​នាង ដាច់ខាត​ត្រូវតែ​ស្រលាញ់​ឪពុក​ម្ដាយ​របស់​នាង ហើយ​ចាត់​ទុក​ឪពុក​ម្ដាយ​របស់​នាង​ជា​ធំ។
ផែនការ​ទៅ​ថ្ងៃ​អនាគត
កញ្ញា ពេជ្រ សោភា​និយាយថា អាជីព​ជា​តារា​ចម្រៀង​បាន​ធ្វើ​ឲ្យ​នាង​ងើប​ផុត​​ពី​ជីវិត​ជា​ក្មេង​រុញ​ធុង​អំពៅ​លក់​​នៅ​តាម​​ផ្លូវ​សាធារណៈ  និង ​ជីវិត​ដែល​ហូប​មិន​គ្រប់។ ហេតុ​នោះ​នាង​មិន​បោះ​បង់អាជីពចម្រៀង​នេះ​ទេ ពោល​គឺ​នាង​នៅ​តែ​បន្ត​រហូត លុះ​ត្រាណា​អស់​​​ទស្សនិកជន​​គាំទ្រ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​នាង​បារម្ភណ៍​ថា នាង​មិន​អាច​បន្ត​ច្រៀង រហូត​​ដល់​នាង​​មាន​វ័យ​កាន់​តែ​ចាស់​បាន​ទេ ពីព្រោះសំឡេង​របស់​នាង​អាច​នឹង​មាន​ការ​ប្រែប្រួល នៅពេល​វ័យ​​កាន់តែកើន​ឡើង។ ដូច្នេះ​ហើយ ទើប​នាង​ បាន​ចាប់​អាជីព​ផ្សេងមួយទៀត គឺជា​អ្នក​ឆ្នៃ​ម៉ូដ​ម្នាក់ ដែល​នាង​កំពុង​​តែ​រកស៊ី​ជា​មួយ​រោង​ចក្រ​សំលៀកបំពាក់ មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ ​នាង​បានចាប់​ជំនួញ​​មួយ​នេះ​​យូយារ​​ណាស់​មក​ហើយដែរ។ ទៅ​ថ្ងៃ​អនាគត​នាង ចង់បង្កើត​របររកស៊ី​មុខ​​មួយ​បន្ថែម​ទៀត ប៉ុន្តែ​នាង​មិន​បាន​បង្ហើប​ពី​ជំនួញ​នោះ​នៅ​ឡើយ​ទេ។ អ្វី​ដែល​ជា​គោល​បំណង​ធំ​បំផុត​​របស់​នាង​នោះ គ្រប់យ៉ាង​ដែល​នាង​ខិតខំ​ប្រឹងប្រែង​កន្លង​មក គឺ​ដើម្បី​ឪពុកម្តាយ​របស់​នាង​រស់​នៅសុខ​ស្រួល​តែ​ប៉ុណ្ណោះ៕