ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហនុ​


ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះករុណា​សម្តេចព្រះ នរោត្តម សីហនុ​

ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​ក​ក្ដិ​ក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។

ការសិក្សា​
​ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះអង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា Francois Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការសិក្សា​នៅ​វិទ្យាល័យ​បារាំង សាស​លូ​ឡូ​បា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (​វៀតណាម​ខាងត្បូង​)​។​
​នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការសិក្សា​ជាន់ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថពាសដែក​នៅ​សូ​មៀរ (Saumur) ប្រទេស​បារាំង​។​
​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​១
​នៅ​ខែមេសា ឆ្នាំ​១៩៤១ ក្រុមប្រឹក្សា​ព្រះរាជបល្ល័ង្គ បាន​ជ្រើសតាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះ​អង្គជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​។ ព្រះអង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​១៩៤១​។​បន្ទាប់ពី​ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ​បានដាក់​រាជ្យ​ថ្វាយ​ព្រះបិតា​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​១៩៥៥។​
​ការគ្រងរាជ្យសម្បត្តិ​លើក​ទី​២
​ព្រះអង្គ​ទ្រង់​បាន​ឡើង​គ្រងរាជ្យ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​២៤ កញ្ញា ១៩៩៣ ហើយ​ទ្រង់​បានដាក់​រាជ្យ​វិញ​នៅ​ថ្ងៃទី​០៧ ខែ តុលា ឆ្នាំ ២០០៤​។ ក្រោយពី​ការដាក់រាជ្យ ព្រះអង្គ​ត្រូវបាន​គេ​ថ្វាយ​ព្រះនាម​ថា ព្រះមហាវីរក្សត្រ ។​
​ព្រះរាជ​បូជនីយកិច្ច​
​ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះអង្គ​មាន​មហា​ជោគជ័យ​ក្នុងការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់​ដ៍ សង​មក​ព្រះរាជ​អាណាចក្រ​កម្ពុជា​វិញ​ជាដាច់ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុងពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់​ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង​។​
​ឆ្នាំ​១៩៤៩ ព្រះអង្គ​បានទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះ​ហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួលស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជ​អាណាចក្រ​កម្ពុជា​។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុបចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤​។​
​ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ​។​
​នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះ​ហ​ត្ត​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជ​អាណាចក្រ​កម្ពុជា​បានទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង​។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស សូម​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា “​ព្រះមហា​វីរបុរស​ជាតិ – ព្រះបិតា​ឯករាជ្យ​ជាតិ​”​។​
​ថ្ងៃទី​១៥ មិថុនា ១៩៥២ ព្រះបាទ​នរោត្តម​សីហនុ​វរ្ម័ន ទ្រង់​បាន​ថ្លែង​ជា​ឱឡារិក​ថា ព្រះអង្គ​នឹង​ខិតខំ​ស្វែងរក​ឯករាជ្យ​បរិបូរ​ជូន​ជាតិ មាតុភូមិ​ឲ្យ​បាន​ដាច់ខាត​ក្នុង​រយៈពេល​៣​ឆ្នាំ​។ ក្នុងពេលនោះ ដោយមាន​សហការី​ជួយ​គាំទ្រ​ផង ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ប្រទេស​បារាំង​ក្នុង​ខែកុម្ភៈ​១៩៥៣​។ នៅ​ទីនោះ ព្រះអង្គ​បាន​ផ្ញើ​សារលិខិត​ជូន​លោក វ៉ាំ​ង​សង់​អូ​រី​យ៉ូ​ល ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ចំនួន​៣​លើក​៖
លើក​ទី​១ ថ្ងៃទី ៥ មីនា ១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​
លើក​ទី​២ ថ្ងៃទី ១៨ មីនា ១៩៥៣ ពី​ទីក្រុង​ណា​ពូ​ល​ដែរ​
លើក​ទី​៣ ថ្ងៃទី ៣ មេសា ១៩៥៣ ពី​ទីក្រុង​ផុង​តែ​ណឺ​ប្លូ​។​
ដោយ​រដ្ឋាភិបាល​បារាំង​ពុំមាន​អើពើ​អ្វី​នឹង​សំណើ​នោះ ព្រះអង្គ​ទ្រង់​សម្រេច​ព្រះទ័យ​យាង​ទៅធ្វើ​យុទ្ធនាការ​ទាមទារ​ឯក​រាជ្យ​នៅក្នុង​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក​ទៀត​។​
​នៅ​កាណាដា ក្នុង​ទីក្រុង​ម៉ុង​រេ​អាល់ ទ្រង់​បាន​ថ្លែង​ទៅ​ពួក​អ្នកសារព័ត៌មាន​ដោយ​សង្កត់ធ្ងន់​លើ​បញ្ហា​ពីរ​ទាក់ទង​នឹង​រាជាណាចក្រ​កម្ពុជា និង​ប្រទេស​បារាំង ដែលជា​តំណាង​ប្រទេស​លោក​សេរី ក្នុង​ឥណ្ឌូចិន​៖
​ទី​១ គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​កុំ​មុយ​នី​ស​
​ទី​២ គឺ​បញ្ហា​ឯករាជ្យ​បរិបូរ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។​
​យោង​លើ​បញ្ហា​នេះ ព្រះអង្គ​ទ្រង់​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​ត្រូវការ​របប​កុំ​មុយ​នី​ស​ទេ ព្រោះថា​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​សុទ្ធ​តែមាន​ដីធ្លី​ជា​កម្មសិទ្ធិ សម្រាប់​បង្កបង្កើនផល​របស់ខ្លួន​។ បញ្ហា​ដែល​គេ​ចង់បាន​នោះ​គឺ ឯករាជ្យ​បរិបូរ​សម្រាប់​ប្រទេសជាតិ​។ ចំណែក​ពួក​កុំ​មុយ​នី​ស គេ​មើលឃើញថា​ប្រទេស​កម្ពុជា ជាទី​តាំង​មួយ​ប្រសើរ​សម្រាប់​ពួកគេ​។​
​នៅ​សហរដ្ឋអាមេរិក ព្រះអង្គ​ទ្រង់​ធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​សារព័ត៌មាន​ដ៏​ធំ​មួយ​ឈ្មោះ ញូវយ៉ក​ថែម ចុះផ្សាយ​ក្នុង​ទំព័រ​ទី​១​របស់គេ នៅ​ថ្ងៃទី ១៩ មេសា ១៩៥៣ ដែល​ធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល​។ ខ្លឹមសារ​គឺ “… បើ​បារាំង​មិន​យល់ព្រម​ប្រគល់​ឯករាជ្យ​ឲ្យ​កម្ពុជា​ទេនោះ នឹងមាន​គ្រោះថ្នាក់​មួយ​យ៉ាងពិត​ប្រាកដ គឺថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ក្រោកឈរឡើង​ប្រឆាំងនឹង​បារាំង ហើយ​គេ​នឹង​ងាក​ទៅរក​ចលនា​វៀត​មិញ ដែល​ដឹកនាំ​ដោយ​ពួក​កុំ​មុយ​នី​ស​”​។ ក្នុងករណី​មានការ​គំរាមកំហែង ប្រជាពលរដ្ឋ​ប្ដេជ្ញា​ថា “​ពួក​បារាំង​ទាំងអស់​ដែល​នៅក្នុង​ស្រុក​ខ្មែរ នឹងត្រូវ​ឡោមព័ទ្ធ ហើយ​ជីវិតចុងក្រោយ​របស់​ពួកគេ​នឹង​មកដល់ … “​។​
​ព្រះ​បញ្ញាញាណ​ខាងលើនេះ បានធ្វើ​ឲ្យ​មតិ​សកលលោក ពិសេស​លោកខាងលិច តម្រូវ​ឲ្យ​រដ្ឋាភិបាល​បារាំង​ព្រម​ចូលរួម​ធ្វើការ​ចរចា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ឯករាជ្យ​បរិបូរ​នៃ​រាជាណាចក្រ​កម្ពុជា​