ខ្សែ​ជីវិត​ពិត​របស់ Taylor Swift


Taylor Swift គឺ​ជា​តារា​ចម្រៀង អ្នក​និពន្ធ​បទ​ចម្រៀង​សញ្ជាតិ​អាមេរិក ដែល​ទស្សនិកជន​នៅ​ទូទាំង​ពិភពលោក​បាន​កើត​សរសើរ។ ប៉ុន្តែ តើ​ប្រិយមិត្ត​ដឹង​ថា​ នាង​មាន​ប្រវត្តិ​យ៉ាង​ណា​ដែរ​ឬ​ទេ?

ឈ្មោះថ្ងៃ​ខែ​ឆ្នាំ​កំណើតទីកន្លែង​កំណើតកម្ពស់ភិន​ភាគ និង​ចំណង់​ចំណូល​ចិត្ត
Taylor Alison Swift១៣ ធ្នូ ១៩៨៩រដ្ឋ Pennsylvaniaសហរដ្ឋអាមេរិក១៨០ សង់ទីម៉ែត្រសក់​ពណ៌​ទង់ដែង,ចូល​ចិត្ត​ស្បែក​ជើង​ក​វែង​បែប Cowboyនិង​ដេញ​ហ្គីតា

ជីវប្រវត្តិ​សង្ខេប
Taylor Swift មាន​ឈ្មោះ​ពេញ​ថា Taylor Alison Swift។ នាង​កើត​នៅ​ថ្ងៃ​ទី ១៣ ខែ ធ្នូ​ឆ្នាំ ១៩៨៩ នៅ Reading រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ ឪពុក​របស់​នាង​ Scott Swift គឺ​ជា​​​អ្នក​ផ្ដល់​​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្រុមហ៊ុន​ Merrill Lynch ចំណែក​ឯ​​ម្ដាយ​របស់​នាង​មាន​ឈ្មោះ​ Andrea គឺ​ជា​មេផ្ទះ​ម្នាក់​ដែល​កាល​ពី​មុន​​គាត់​ធ្លាប់​ធ្វើ​ជា​អ្នក​ប្រតិបត្តិ​​ផ្នែក​ទីផ្សារ​ម្នាក់​។  Andrea រស់​នៅ​សិង្ហបុរី​រយៈ​ពេល ១០ ឆ្នាំ​មុន​ពេល​នាង​បាន​​ប្ដូរ​ទៅ​រស់​នៅ​ទីក្រុង Texas។ ម្ដាយ​របស់ Swift មាន​ជំនឿ​ថា ឈ្មោះ​របស់ Swift  នឹង​ជួយ​ឲ្យ​នាង​បាន​​ទទួល​ភាព​ជោគជ័យ​នៅ​ក្នុង​ពិភព​សិល្បៈ។ Swift មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​  Austin ដែល​បាន​ចូល​រៀន​នៅ​ក្នុង​សាកល​វិទ្យាល័យ Vanderbilt។ នៅ​ពេល Swift មាន​អាយុ ៩ ឆ្នាំ គ្រួសារ​របស់​នាង​បាន​ប្ដូរ​ទី​លំនៅ​ទៅ​រស់​នៅ​តំបន់​  Wyomissing រដ្ឋ Pennsylvania។ បន្ទាប់​មក Swift បាន​ចូល​រៀន​នៅ​មជ្ឈមណ្ឌល  West Reading Elementary និង​ចូល​រៀន​នៅ​អនុវិទ្យាល័យ និង​វិទ្យាល័យ Wyomissing Area។ ​
ចំណង់​ចំណូល​ចិត្ត​ដំបូង​របស់ Swift គឺ​នាង​ចូល​ចិត្ត​ជិះ​សេះ​បែប​អង់គ្លេស។ ប៉ុន្តែ​នៅ​ពេល​នាង​មាន​អាយុ ៩ ឆ្នាំ នាង​បាន​ប្ដូរ​មក​ចាប់​អារម្មណ៍​ទៅ​លើ​វិស័យ​ចម្រៀង​វិញ។ នៅ​អាយុ ១១ ឆ្នាំ​ Swift បាន​ឈ្នះ​ការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​​​ជ្រើស​រើស​អ្នក​មាន​ទេពកោសល្យ​​ក្នុង​តំបន់​ដោយ​ពេល​នោះ Swift បាន​ច្រៀង​បទ “Big Deal” របស់​តារា​ចម្រៀង LeAnn Rimes។

ដោយ​សារ​មើល​ឃើញ​ពី​ទេពកោសល្យ​របស់​ខ្លួន Swift ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ម្ដាយ​របស់​នាង​ដើម្បី​សុំ​ចូល​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​មួយ។ ប៉ុន្តែ​នាង​ត្រូវ​ផលិតកម្ម​នោះ​បដិសេធ។ ក្រោយ​​មក Swift ក៏​​បាន​ឡើង​សម្ដែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា  “The Star Spangled Banner” ដោយ​នាង​យល់​ថា​នោះ​ជា​ឱកាស​ដែល​អាច​ឲ្យ​នាង​ឈរ​ច្រៀង​នៅ​ចំពោះ​មុខ​មនុស្ស ២ម៉ឺន​នាក់។ ខុស​ប្លែក​ពី​ក្មេង​ដ៏​ទៃ Swift អាយុ ១១ ឆ្នាំ​បាន​ទះ​ដៃ(High-fived)ជា​មួយ​កំពូល​តារា​ចម្រៀង​រ៉េប Jay-Z បន្ទាប់​ពី​​នាង​បាន​ច្រៀង​ចម្រៀង​ជាតិ​នៅ​ក្នុង​កម្មវិធី​ប្រកួត 76ers នៅ​តំបន់ Philadelphia។ នៅ​អាយុ ១២ ឆ្នាំ Swift ត្រូវ​អ្នក​ជួសជុល​កុំព្យូទ័រ​ម្នាក់​បាន​បង្រៀន​នាង​ឲ្យ​ចេះ​ដេញ​ហ្គីតា​ខ្សែ​បី ហើយ​ពេល​នោះ​ជា​ពេល​ដែល​បំផុស​គំនិត​​​​​ឲ្យ​ Swift និពន្ធ​បទ​ចម្រៀង​ដំបូង​របស់​នាង​មាន​ចំណង​ជើង​ថា “Lucky You” ។ ​
ពី​មុន Swift  ធ្លាប់​ឈ្នះ​ការ​ប្រកួត​សូត្រ​កំណាព្យ​ថ្នាក់​ជាតិ​ដែល​ពេល​នោះ​នាង​សូត្រ​កំណាព្យ​មួយ​បទ​មាន​ចំណង​ជើង​ថា “Monster in My Closet” ប៉ុន្តែ​បច្ចុប្បន្ន​​នាង​មិន​បាន​បន្ត​ការ​និពន្ធ ឬ សូត្រ​កំណាព្យ​ទៀត​ទេ ដោយ​នាង​ចាប់​ផ្ដើម​ផ្ដោត​ទៅ​លើ​ការ​និពន្ធ​បទ​ចម្រៀង​វិញ។
នៅ​ពេល Swift មាន​អាយុ ១៤ ឆ្នាំ ឪពុក​របស់​នាង​ក៏​ត្រូវ​ក្រុម​ហ៊ុន Merrill Lynch​ប្ដូរ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ការិយាល័យ  Nashville ដូច្នេះ​គ្រួសារ​របស់​នាង​ក៏​ត្រូវ​ប្ដូរ​ទី​លំនៅ​ម្ដង​ទៀត​ទៅ​រស់​នៅ  Hendersonville រដ្ឋTennessee សហរដ្ឋអាមេរិក។ Swift បាន​និយាយ​ថា​នោះ​គឺ​ជា​ការ​លះបង់​ដែល​មិន​គួរ​ឲ្យ​ជឿ​មួយ​​របស់​នាង​ចំពោះ​គ្រួសារ។ នាង​បន្ថែម​ទៀត​ថា ឪពុក​ម្ដាយ​របស់​នាង​សុខចិត្ត​ប្ដូរ​ទៅ​រស់​នៅ​សហគមន៍​ល្អ​មួយ​ជា​ជាង​ផ្ដល់​ឱកាស​ឲ្យ​នាង​ក្លាយ​ជា​តារា។ នៅ Tennessee Swift បាន​ចូល​រៀន​វិទ្យាល័យ Hendersonville បន្ទាប់​មក​​នាង​ក៏​បាន​ប្ដូរ​ទៅ​រៀន​នៅ​សាលា​គ្រិស្ត​សាសនា​ឯកជន Aaron ។Swift ទទួល​បាន​និទ្ទេស A គ្រប់​មុខ​វិជ្ជា ហើយ​នាង​បាន​ទទួល​​សញ្ញាប័ត្រ​ថ្នាក់​​វិទ្យាល័យ​ក្នុង​ឆ្នាំ ២០០៨។
អាជីព​និង​ភាព​ជោគជ័យ
ដោយ​សារ​តែ​ឃើញ​ពី​ទេព​កោសល្យ​របស់​​Taylor Swift ​លោក​Scott Borchetta ដែល​ជា​ម្ចាស់​ផលិតកម្ម​ ​Big Machine Records​បាន​ទទួល​ឲ្យ​​​​ Taylorចុះ​កុង​ត្រា​ជា​តារា​ដំបូង​​ជា​មួយ​ផលិតកម្ម​របស់​លោក។​ អាល់ប៊ុម​ដែល​បាន​ចេញ​ដំបូង​របស់​នាង​​មាន​ចំណង​ជើង​ថា​ “Taylor Swift” ​ចេញ​នៅ​ខែ​តុលា​ឆ្នាំ​២០០៦​ហើយ​ទទួល​បាន​ការ​គាំ​ទ្រ​​ជា​វិជ្ជមាន។​ បទ​ចម្រៀង ​”Our Song” នៅ​ក្នុង​អាល់ប៊ុម​របស់​នាង​បាន​ធ្វើ​ឲ្យ Swift ​ក្លាយ​ជា​តារា​ចម្រៀង ​country ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​វ័យ​ក្មេង​បំផុត។


នៅ​ឆ្នាំ​២០០៨​ Taylor Swift បាន​ចេញ​អាល់ប៊ុម​មួយ​ទៀត​ដែល​មាន​ចំណង​ជើង​ថា ​”Fearless” ដែល​មាន​បទ​ចម្រៀង​នាំ​មុខ​ “Love Story” ហើយ​បទ​នេះ​បាន​ក្លាយ​ជា​បទ​ចម្រៀង​ដែល​លក់​ដាច់​បំផុត​ទី​២​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បទ​ចម្រៀង​ចង្វាក់ ​country។​
បន្ទាប់​មក​ក្នុង​ឆ្នាំ​២០០៩​ នាង​បាន​ចេញ​​បទ​ “You Belong with Me” ដែល​ជា​បទ​ធ្វើ​ឲ្យ​ Swiftបាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង​ក្លា​បំផុត​នៅ​​ក្នុង​អាជីព។ នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០០៩​ Swift ​បាន​ក្លាយ​ទៅ​ជា​តារា​ចម្រៀង​ចង្វាក់ ​country​ដំបូង​គេ​បំផុត​ដែល​ទទួល​បាន​ពាន​រង្វាន់ ​MTV Video Music​ Award ជាមួយ​នឹង​បទ “You Belong with Me”។ ​នៅ​ខែ​​វិច្ឆិកា​ឆ្នាំ​២០០៩ Swift បាន​ក្លាយ​ជា​តារា​​ក្មេង​ជាង​គេ​បំផុត​ក្នុង​ចំណោម​ស្ត្រី​ទាំង​៦​អ្នក​ដែល​ត្រូវ​បាន​សមាគម​តន្ត្រី​​ចង្វាក់ ​​country (Country Music Association)​ផ្ដល់​រហស្សនាម​ថា ​”Entertainer of the Year​”។
នៅ​ខែ​តុលា​ឆ្នាំ​២០១០​ Taylor​ Swift បាន​ចេញ​អាល់ប៊ុម​លើក​ទី​៣​របស់​នាង​ដែល​មាន​​ចំណង​ជើង​ថា​”Speak Now”​ ដែល​មាន​បទ​ចម្រៀង​គ្រប់​បទ​សរសេរ​ដោយ​នាង​ផ្ទាល់។ ដើម្បី​បង្កើន​ភាព​ល្បី​ល្បាញ​ទៅ​លើ អាល់ប៊ុម “Speak Now”​ របស់​នាង Swift បាន​ធ្វើ​ការ​ប្រគំតន្ត្រី​ទស្សនាចរ​ នៅ​ទ្វីប​ចំនួន​​៤​​ក្នុង​នោះ ​ការ​ប្រគំ​នៅ​ក្នុង​ទ្វីប​អាស៊ី​មាន​ចំនួន ៧កន្លែង ការ​​ប្រគំ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ចំនួន ១២​កន្លែង ៨០​កន្លែង​​នៅ​​អាមេរិក និង​១២​នៅ​ក្នុង​ទ្វីប​អូស្ត្រាលី​ដែល​ចំណាយ​ពេល​សរុប​ទាំង​អស់​១៣​ខែ។
នៅ​ក្នុង​ឆ្នាំ​២០១២​ Taylor Swift ​បាន​ថត​បទ​ចម្រៀង​ចំនួន​២​បទ​សម្រាប់​ចាក់​ក្នុង​រឿង The Hunger Games ដែល​បទ​ទាំង​នោះ​មាន​ចំណង​ជើង​ថា Safe & Sound និង ​Eyes Open។​ ថ្មីៗ​នេះ​កាល​ពី​​ខែ​ឧសភា ​២០១២​ Swift បាន​ថត​បទ​ចម្រៀង​ជាមួយ​នឹង ​B.o.B ដែល​មាន​ចំណង​ជើង​ថា “Both of Us” ។
ពាន​រង្វាន់
Swift ទទួល​បាន​ពានរង្វាន់ Grammy  ចំនួន ៦ ពាន​រង្វាន់ American Music ចំនួន ១០ ពានរង្វាន់ Country Music Association  ចំនួន ៧ ពានរង្វាន់ Academy of Country Musicចំនួន ៦ និង​ពានរង្វាន់ BMI ចំនួន ១៣។ ក្នុង​នាម​ជា​អ្នក​និពន្ធ​បទ​ចម្រៀង Swift បាន​ទទួល​ងារ​កិត្តិយស​​ដោយ​  Nashville Songwriters Association និង the Songwriters Hall of Fame។